កម្ពុជាទទួលបានសិទ្ធិផ្ដាច់មុខ រៀបចំការប្រកួត Miss Global អន្តរជាតិ ២០២៤

បន្ទាប់ពីបញ្ចប់ការប្រកួត Miss Global អន្តរជាតិ ២០២៣ ដោយជោគជ័យ កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងពេលនេះ គណកម្មការ Miss Global Organizer បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ មករា មុននេះថា កម្ពុជានឹងក្លាយជាអ្នកធ្វើជាម្ចាស់ផ្ទះផ្ដាច់មុខ ដើម្បីរៀបចំការប្រកួត Miss Global ប្រចាំឆ្នាំ២០២៤ខាងមុខ។

លោក អ៊ិន សុភិន អ្នករៀបចំការប្រកួត Miss Global តំណាងកម្ពុជា បានលើកឡើងថា ដោយយោងថាកម្ពុជារៀបចំការប្រកួតបានល្អសម្រាប់ខួប១០ឆ្នាំដែលទើបបញ្ចប់មុននេះ គណកម្មការអន្តរជាតិ នឹងសម្រេចប្រគល់ កម្មវិធី Miss Global អន្តរជាតិ អោយកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់២០២៤នេះ។

ការធ្វើជាម្ចាស់ផ្ទះជាលើកទី៣នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះម្នាក់ឯង ដោយមិនចែកធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងប្រទេសវៀតណាម ដូចមុននេះឡើយ។ ការសម្រេចមួយនេះ គឺជាជោគជ័យមួយដ៏ធំ របស់កម្ពុជា ដោយមានការរំពឹងថា ការធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំថ្មីនេះ នឹងកាន់តែធ្វើអោយកម្ពុជាល្បីល្បាញខ្ទរខ្ទារ ជាពិសេសនៅពេលបេក្ខនារីមកពីបណ្ដាប្រទេសរហូតទៅដល់ជាង៨០ប្រទេស នឹងមកប្រកួតសារជាថ្មី ដែលមិនខុសពីជួយផ្សព្វផ្សាយពីកម្ពុជា។

នៅក្នុងថ្ងៃសន្និសីទសារព័ត៌មាននោះ Topកំពូល ទាំង៥ រួមមាន Miss Global មកពីប្រទេស Puerto Rico ដែលជា Winner, Miss Global មកពីប្រទេស Samoa 1st Runner Up , Miss Global មកពីប្រទេស ថៃ 2nd Runner Up, Miss Global Philippine 3rd Runner Up និង Miss Global មកពីប្រទេស Vietnam ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ដែលអាចដណ្ដើមមកុដពីកម្ពុជា និង បានបង្ហាញពីចំណាប់អារម្មណ៍ជាច្រើនពីប្រទេសកម្ពុជា ក្រោយពេលមកធ្វើការប្រកួតផងដែរ។

ដោយឡែក គណកម្មការ Miss Global Organizer ក៏បានសរសើរការរៀបចំរបស់កម្ពុជា និង សរសើរពីការរីកចំរើននៃវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា នារយៈពេលបើកប្រកួត រហូតដល់បញ្ចប់ដោយជោគជ័យ។ នៅក្នុងពិធីនោះ ក៏មានតំណាងសប្បុរសជន បានបរិច្ចាគថវិកាជួយដល់អង្គការមួយកន្លែង នៅក្បែរគំនរសំរាមស្ទឹងមានជ័យផងដែរ ដែលបង្ហាញកាន់តែច្បាស់ថា បវរកញ្ញា Miss Global ក្រៅពីមានរូបសម្រស់ តែក៏បានរួមចំណែកជួយដល់សង្គម និង សប្បុរសធម៌ ដែលជាប្រយោជន៍ដល់បណ្ដាប្រទេស ដែលបវរកញ្ញាស្ថាប័ននេះ ទៅដល់។

បវរកញ្ញា និង គណកម្មការទាំងអស់ នឹងត្រលប់ទៅកាន់ប្រទេសរៀងខ្លួន នៅថ្ងៃទី២៧ ហើយនៅអំឡុងខែវិច្ឆិកា ចុងឆ្នាំនេះ នឹងត្រលប់មករៀបចំការប្រកួតអន្តរជាតិ សម្រាប់រដូវកាល២០២៤។

Please enter a valid URL

Relate Post