ពិតជាមិនអាចប្រកែកបាននោះទេ សម្រាប់ចលនាដ៏គ្រឹកគ្រេង នៃការអភិរក្សនិងអភិវឌ្ឍន៍ឈុតសម្លៀកបំពាក់បូរាណខ្មែរក្នុងពេលនេះ ។ ដោយយើងសង្កេតឃើញថា មានប្រជាជនខ្មែរជាច្រើន បានងាកមកជ្រើសរើសយកឈុតបូរាណ ក្នុងការស្លៀកដើរកំសាន្ត នៅតាមប្រាសាទបូរាណនានា និងថតរូបបង្ហោះជាសារធារណៈក្នុងបណ្ដាញសង្គមថែមទៀតផង ។ ហើយអ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺក្រោយពេលដែលកញ្ញា ទេព បូព្រឹក្ស បានផលិតវីឌីអូបទចំរៀងដែលមានចំណងជើងថា វីរៈនារី ដែលបានច្របាច់បញ្ចូលគ្នា រវាងសិល្បៈសម័យ និងបូរាណ ចូលគ្នាជាធ្លុង១បានយ៉ាងស្រស់ស្អាត និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី និងហួសពីការស្មាន ។ ដែលទាំងនេះ គឺជាមោទនាភាព១ដែលខ្មែរយើងអាចធ្វើបានដើម្បីបង្ហាញអោយសកលលោកបានស្គាល់អោយកាន់តែច្បាស់អំពី សិល្បៈ វប្បធម៍ អរិយធម៍ ដ៏ល្អផូផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ ។
ក្រោយពីបានឃើញនូវទង្វើល្អទាំងអស់នេះរួចមក តារាបង្ហាញម៉ូត ដែលវិវឌ្ឍន៍ខ្លួន មកជាតារាសំដែង លោក Sool Cool បានពោលពាក្យក្នុងចិត្ត ក្នុងន័យ សសើរ និងលើកទឹកចិត្ត អោយប្រជាជនកម្ពុជាយើង រួមគ្នាជាធ្លុង១ដើម្បី អភិរក្ស និងអភិវឌ្ឍន៍ នូវវិស័យមួយនេះតទៅទៀត ដោយលោកបានពោលថា
មានអារម្មណ៍ថាមួយរយៈចុងក្រោយនេះ ប្រជាជនខ្មែរទាំងអស់ជាពិសេសសិល្បករសិល្បការិនី មិនថាខ្ញុំ ឬក៏សិល្បករផ្សេងៗ ហាក់បីដូចជាមានការប្រែប្រួល ងាកមកចាប់អារម្មណ៍ រឿងវប្បធម៌ប្រពៃណី កេរ្តិ៍ដំណែល និងរចនាបថ របស់ខ្មែរទាំងទំនៀមទម្លាប់ជាដើម ។ ខ្ញុំគិតថាវាល្មមដល់ពេលដែលពួកយើងត្រូវគិតគូរ នឹងសើរើរៀបចំ រំឭក នូវឯកសារមួយចំនួនក៏ដូចជាចូលរួមលើកតម្កើងនូវវប្បធម៌ជាតិរបស់ខ្លួនហើយ សង្ឃឹមថា អ្វីទាំងអស់ ដែលកំពុងតែកកើតឡើង គឺសង្ឃឹមថាវាកាន់តែច្រើន នឹងមានសន្ទុះនិងស្ថិតស្ថេរ ជាអមតៈតទៅ ។គ្មានប្រទេសឯណា មកស្រឡាញ់វប្បធម៌របស់យើង ជាងប្រទេសរបស់ខ្លួនយើងទេ បើពួកយើងមិនថែ រក្សា វានឹងបាត់បង់ នៅពេលខាងមុខ។ អ្វីក៏ដោយវាកើតឡើងពីមួយទៅ ពេលដែលមួយចូលរួមគ្នាកាន់តែច្រើន នោះវានឹងកាន់តែច្រើន នឹងក្លាយទៅជាកម្លាំងចលករមួយ ដែលជំរុញ ឲ្យអ្វីដែលយើងទន្ទឹងរង់ចាំ ក្លាយទៅជាផ្លែផ្កាពិតប្រាកដ ។