អ្នកគាំទ្រ កំពុងតែសារទរ ជាមួយកំពូលតារាចំរៀង ដែលមានទឹកដមសំនៀងផ្អែម និងមិនចេះរីងស្ងួត រួមទាំងជាតារាដែលមានសកម្មភាពសង្គមជាញឹកញាប់ ដូចជា ការងារដែលទាក់ទងទៅនិងបរិស្ថានជាដើម មាស សុខសោភា បានទទួលនូវការប្រោសប្រទាន នូវគ្រឿង ឥស្សរិយយស ថ្នាក់ មហាសេរីវឌ្ឍន៍ ពីព្រះមហាក្សត្រថែមទៀត ។
នេះបើយោងតាមការបង្ហោះសារដែលតារារូបនេះបានបង្ហោះ នាពេលថ្មីៗនេះ ដោយនាងបានពោលថា ខ្ញុំម្ចាស់ជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ក្នុងនាម ខ្ញុំម្ចាស់ជាសិល្បករចម្រៀងមួយរូប ដែលមានភ័ព្វវាសនាបានទទួលគ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវបានព្រះប្រថាប់ព្រះរាជលញ្ឆករ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧ ។
ក្នុងពេលនេះ ខ្ញុំម្ចាស់ជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរសព្វសាធុការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបួងសួងព្រះបារមីទេវតាថែរក្សាភពផែនដី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះមេត្តាប្រោសព្រះសព្វសាធុការជ័យ សិរីសួស្តី វិបុលសុខ បរវមហាប្រសើរព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទាំងឡាយនៃព្រះនគរ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំក៏សូមគោរព អរគុណដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច យកចិត្តទុកដាក់ចំពោះសិល្បៈករ និងក្រាបបង្គំទូលថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងអំពីនាងខ្ញុំ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនោះ ក៏មានតារាចំនួន 2រូបទៀត ទទួលបាននូវការប្រោសប្រទាន គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា នោះគឺ កញ្ញា ញឹម ច័ន្ទថន និងកញ្ញា ឃិន ស្រីនាថ ។