អ្វីក៏អាចកើតឡើងបានដែរ ហើយអាថ៍កំបាំងគ្មានទេនៅលើលោកនេះ នេះជាពាក្យដែលមនុស្សជាច្រើនតែងតែនិយាយ ហើយក៏តែងតែក្លាយជាការពិតជានិច្ច ។ ជាក់ស្ដែងរឿងរ៉ាវជីវិតដ៏កំសត់របស់តារាសំដែង ប៊ែលឡា ដានីត ដែលត្រូវម្ដាយបង្កើត បងប្រុស និងបងស្រីបង្កើតរបស់នាង ចាប់បង្ឃាំងកូនស្រីរបស់នាងជាថ្នូរ អោយនាងព្រមទទួលអោយគេចិញ្ចឹម ទាំងនាងមិនចង់ ។ តែឥឡូវនេះនាងទទួលបានកូនស្រីរបស់នាងមកមើលថែដូចដើមវិញហើយ ក្រោមការជួយជ្រៀមជ្រែងពី សមាគមន៍សិល្បករខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណាជាប្រធាន ។
ពាក់ព័ន្ធទៅនិងរឿងរ៉ាវដ៏គួរអោយស្លុតចិត្តនេះ តារាសំដែង ប៊ែលឡា ដានិត បានរ៉ាយរ៉ាប់ប្រាប់អ្នកសារពត៍មានថា កាលដើមឡើយ នាងមានស្វាមី និងបានរស់នៅជាមួយគ្នារយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ក្នុងបន្ទុក ហើយមិនបានចុះអេតាស៊ីវិលនោះទេ ។ លុះក្រោយមក ដោយសារការរស់នៅជាមួយគ្នាមិនចុះសម្រុង នាងនិងស្វាមីក៏បានបែកគ្នា ហើយនាងក៏សម្រេចចិត្តចុះចេញទៅរស់នៅជុំគ្នាជាមួយគ្រួសាររបស់នាងវិញ ដោយមានបងប្រុស បងស្រីរបស់នាងក៏រស់នៅជុំគ្នាផងដែរ។ អំឡុងពេលដែលនាងរស់នៅជុំគ្រួសារនោះ នាងតែងតែផ្ញើកូនអោយម្តាយ និងបងប្អូនឲ្យជួយមើល ដោយសារនាងជាប់រវល់ការងារថត ប៉ុន្តែនាងមិនដែលទុកកូនចោលដើរលេងផ្តេសផ្តាសឡើយ ពោលគឺក្រោយចប់ការងារ នាងបានត្រឡប់មកផ្ទះគេងជាមួយកូនវិញជាធម្មតា។
នាងបន្តថា ក្នុងរយៈពេល៣ឆ្នាំដែលនាងរស់នៅជាមួយគ្រួសារ គឺមានតែមួយលើកគត់ដែលនាងទៅចោលកូនប្រមាណជា៤ថ្ងៃ ដោយសារនាងត្រូវទៅថតភាពយន្តនៅឯខេត្តសៀមរាប ប៉ុន្តែនាងតែងតែទាក់ទងសួរនាំកូនរហូត ដែលនេះបញ្ជាក់ថា នាងមិនដែលមានគំនិតភ្លើតភ្លើន ឬចង់ចោលកូនរបស់ខ្លួនឡើយ។ នៅក្នុងពេលដែលរស់នៅជាមួយគ្នានេះដែរ ម្តាយ និងបងស្រីរបស់នាង តែងតែលួងលោមនាងឲ្យទៅយកអ្នកនេះ អ្នកនោះឲ្យគេចិញ្ចឹម ដោយពួកគាត់ធានារកអោយ ខណៈពេលដែលបងស្រីរបស់នាងតែងតែទទូចចង់បានកូនស្រីរបស់នាងយកទៅចិញ្ចឹម ប៉ុន្តែនាងមិនព្រម ។ នាងបញ្ជាក់ថា រយៈពេល៣ខែចុងក្រោយនេះ នាងនិងគ្រួសារបានកើតមានទំនាស់ជាញឹកញាប់ ដោយសារបងស្រីរបស់នាងបានជេរប្រមាថមកលើរូបនាង បូករួមរឿងការមិនព្រមធ្វើតាមគាត់ និងការមិនអោយកូនស្រីនាងមកឲ្យគាត់ចិញ្ចឹម។
ដោយសារឃើញការលំបាក នាងក៏បានលួចចេញដោយស្ងាត់ៗ ២នាក់ កូននៅយប់កណ្តាលអធ្រាត្រ ពោលគឺនៅពេលពួកគាត់សម្រាន្តលក់អស់ ហើយនាងក៏បានខលហៅស្វាមីរបស់នាងឲ្យមកយក ដោយពេលនោះពួកនាងក៏សម្រេចចិត្តជួលខុនដូមួយកន្លែងរស់នៅជុំគ្នា។នាងបន្ថែមថា នៅពេលដែលឃើញទិដ្ឋភាពរៀងស្ងាប់ស្ងាត់ ហើយនាងគិតថា ក្រុមគ្រួសារទំនងជាមិនរករឿងនាងទៀតនោះទេ នាងក៏បាននាំកូនចេញចូលទៅលេងគ្រួសាររបស់នាងជាធម្មតា ហើយនាងអនុញ្ញាតឲ្យម្តាយ និងបងស្រីអាចយកកូនរបស់នាងទៅខេត្តផងដែរ។ លុះដល់ថ្ងៃមួយ ពួកគាត់បានហៅទូរស័ព្ទមកនាង ដោយប្រាប់ថា ចង់ជុំគ្រួសារទៅញ៉ាំអីខាងក្រៅម្តង ហើយនាងក៏យល់ព្រម ដោយនាំទាំងកូនទៅជាមួយផងដែរ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺនៅពេលញ៉ាំអីជុំគ្នាចប់ ពួកគាត់បានចាប់កូនរបស់នាងទុក ដោយមិនអោយចុះពីឡានមករកនាងឡើយ។
នាងបន្ថែមទៀតថា ពេលនោះនាងក៏បានស្រវេស្រវ៉ារត់ទៅដណ្តើមកូនយកចេញមក ប៉ុន្តែខណៈពេលនោះ បងប្រុសរបស់នាងក៏បានមកវាយដុំច្រំធាក់នាងផ្ទប់នៅនឹងឡានទាំងនាងកំពុងឱបកូនជាប់នឹងដៃ។ នាងបញ្ជាក់ថា ក្នុងពេលប្រវាយប្រតប់គ្នានោះ គឺមានតែប៉ារបស់នាងតែម្នាក់គត់ ដែលបានឃាត់កុំអោយមានការវាយតប់ ប៉ុន្តែនាងបានអស់កម្លាំង ក៏របូតដៃព្រលែងកូនឲ្យគេដណ្តើមបាន និងដោយសារនាងបានលឺពីការជេរប្រមាថយ៉ាងធ្ងន់ធ្ងរពីបងប្រុសមកលើប៉ារបស់នាង។ ប៊ែលឡា ដានីត បានបញ្ជាក់បន្ថែមទៀតថា ក្រោយកើតហេតុ នាងក៏បានរត់ទៅប្តឹងអោយអាជ្ញាធរភូមិ-ឃុំជួយដោះស្រាយ ប៉ុន្តែអាជ្ញាធរបានដោះស្រាយអោយនាងចាញ់ ដោយសារបងស្រីរបស់នាងមានអ្នកធំមួយរូបជួយចេញមុខកាងចំពោះរឿងនេះ។ លុះក្រោយមក នាងក៏បានទៅដាក់ពាក្យបណ្តឹងនៅស្នងការក្រុង ដែលពេលនោះស្នងការក្រុងក៏បានសម្រេចឲ្យនាងទទួលបានកូនមកវិញ ប៉ុន្តែពេលនោះក្រុមគ្រួសារនាងក៏បាននាំកូនស្រីរបស់នាងចូលទៅឡានមួយ ដើម្បីគេចចេញទៅបាត់ទៀត។
ទោះជាយ៉ាងណា បើតាម ប៊ែលឡា ដានីត ថា រឿងក្តីរបស់នាង បើដោះស្រាយតាមច្បាប់នោះហាក់មិនមានប្រសិទ្ធភាពឡើយ ហេតុនេះដំណោះស្រាយចុងក្រោយរបស់នាងមានតែស្នើសុំ អន្តរាគមន៍ពីសំណាក់ប្រមុខដឹកនាំ និងសមាគមសិល្បករខ្មែរ អោយជួយស្វែងយុត្តិធម៌សម្រាប់រូបនាង។ នាងបញ្ជាក់ថា អ្វីដែលនាងចង់បាននៅពេលនេះ គឺបានកូនមករស់នៅជុំគ្នាជាមួយនាងវិញ ដោយសារនាងមិនចង់ប្តឹងដាក់ទោសទៅដល់សមាជិកគ្រួសារណាម្នាក់នោះឡើយ។