ប្ដឹងហើយ..! តាប៊ុយ រងបណ្ដឹង ៣បទល្មើស និងត្រូវសងជំងឺចិត្ត ១០មុឺនដុល្លារ

រឿងរ៉ាវ នៃគ្រោះថ្នាក់ចរាចរណ៍ដ៏ចំរ៉ូងចម្រាស់រវាងជនរងគ្រោះ និងពិធីករដ៏ល្បី តាប៊ុយ មិនទាន់បានបញ្ចប់នោះទេ ។ ដោយសារតែ លោក ឃី ហុង ហៅតាប៊ុយ  មិនព្រមសងនូវសំណងជាទឹកប្រាក់ចំនួន ២២៥០ដុល្លារនោះទេ ដោយលោកបាននិយាយថា ជាតំលៃដែលថ្លៃហួសប្រមាណ ។

ពាក់ព័ន្ទនិងបញ្ហានេះ អ្នកលេង Tik Tok បុីបុីឌី ក៏បានបញ្ចេញមតិផងដែរថា សម្រាប់ការទាសំណងនេះ គឺមិនច្រើនទេ បើគិតទៅលើទំហំនៃការខូចខាត ហើយអ្វីដែលសំខាន់ គឺឡាននោះ ម្ចាស់ឡាន ទើបតែបានទិញនៅពេលថ្មីៗនេះឯង ពោលគឺ ថ្ងៃទី 3 ខែធ្នូ 2021 កន្លងទៅថ្មីៗនេះ ។ ក្រឡេកទៅមើលជនរងគ្រោះដែលជាម្ចាស់ឡាន Prius វិញ ក្រោយពីបានឮ តាប៊ុយ និយាយបែបនេះហើយ ក៏មានប្រតិកម្មយ៉ាងខ្លាំងទៅនិងពាក្យទាំងនោះ ហើយក៏សម្រេចចិត្តដាក់ពាក្យប្ដឹងទៅតុលារការ តែម្ដង ។

តាមរយៈលោក ហ៊ុយ មាំង មេធាវីតំណាងអោយជនរងគ្រោះ បានប្រាប់អ្នកសារពត៍មានថា នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ តាប៊ុយ បានបើក​ដេញពីក្រោយដោយស៊ីផ្លេ និងបើកភ្លើងហ្វាកូតចុះឡើងៗ នឹងបើកមកកៀកនឹងរថយន្តជនរងគ្រោះ ហើយធ្វើសកម្មភាពបើកកញ្ចក់ ស្រែកជេរ និងគំរាមសម្លាប់ជាច្រើនសារនៅតាមផ្លូវ ដោយមិនដឹងមូលហេតុ។ ឃើញសភាពបែបនោះជនរងគ្រោះ បានព្យាយាមបើករថយន្តគេចចេញពីជនល្មើស ប៉ុន្តែមិនអាចគេចបានឡើយ សកម្មភាពនោះរហូតដល់កន្លែងកើតហេតុ ដោយជនរងគ្រោះសម្រេចចិត្តឈប់រថយន្ត និងរត់ចេញពីរថយន្តខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ស្រាប់តែជនល្មើសបានបើកឡានបុករថយន្តជនរងគ្រោះពីក្រោយទាំងកំរោល។

ក្រោយបុករួចជនល្មើសនោះបានបើកកញ្ចក់ និងបានស្រែកជេរប្រមាថ ព្រមទាំងគំរាមសម្លាប់មកលើជនរងគ្រោះម្តងទៀត។ ក្រោយធ្វើសកម្មភាពរួចជនល្មើសបានបើកឡានរត់គេចចេញពីកន្លែងកើតហេតុ នៅពេលនោះជនរងគ្រោះ បានបើករថយន្តដេញតាមពីក្រោយរហូតស្កាត់ឃាត់ឡានជនល្មើសបាន នៅលើមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងអាយស្ម័យយាន្ត។ នៅពេលនោះជនល្មើសបានចុះពីលើឡាន ដោយមានសភាពស្រវឹងជោកជាំ ទន់ដៃទន់ជើងនិយាយ​មិនដឹងខុសមិនដឹងត្រូវ។

ជនរងគ្រោះបានប្ដឹង តាប៊ុយ ចំនួន ៣ បទល្មើសរួមមាន បើកបរបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ បើកបរក្នុងស្ថានភាពស្រវឹង និងបទបរិហារកេរ្តិ៍។ ជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ហើយយកថវិកានេះ ទៅបរិច្ចាគជូនមន្ទីរពេ្យគន្ធបុប្ផា៕ គួរំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នោះគឺបានកើតឡើងតាំងពីពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ មកម្លេះ ដោយបាន​កើតឡើង ដោយលោក តាប៊ុយ បានបើករថយន្ត Range Rover ក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តម៉ាកព្រុស ពណ៌ស ពីក្រោយពេញទំហឹងលើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ភាគីទាំងពីរបានសម្រុះសម្រួលគ្នា ដោយភាគីតាប៊ុយ សន្យាចេញថ្លៃជួសជុលរថយន្តជូនភាគីរងគ្រោះ ។ នៅថ្ងៃបន្ទាប់ ភាគីរងគ្រោះ បានបង្ហាញវិក័យប័ត្រថ្លៃជួសជុលរថយន្តនូវទឹកប្រាក់ចំនួន ២ ២៥០ដុល្លារ តែតាប៊ុយ បានបដិសេធមិនព្រមទទួលខុសត្រូវចេញថ្លៃជួសជុល ដោយចោទថាជាតម្លៃថ្លៃហួសហេតុ។

Please enter a valid URL

Relate Post