មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត កំពុងតែជោគជ័យខ្លាំងជាមួយក្រុមហ៊ុនអចលនទ្រព្យជាពិសេសគម្រោងដីឡូតិ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រាន់តែប្រកាសលក់ភ្លាមអតិថិជនសម្រុកទៅទិញភ្លូកទឹកភ្លូកដីតែម្ដង ដល់ថ្នាក់ធ្វើឲ្យលោកញញឹមបិទមាត់មិនជិតតែម្ដងចំពោះពុកម៉ែបងប្អូនដែលជឿទុកចិត្តមកលើក្រុមហ៊ុនលោក។
ហើយអ្វីដែលមហាជនទាំងក្នុង និងក្រៅសិល្បៈចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ក្រោយពីជោគជ័យជាមួយមុខជំនួញអចលនទ្រព្យលោក ខេមរៈ សិរីមន្ត មិនភ្លេចការងារសប្បុរសធម៌ជួយដល់សង្គមនោះទេ។ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះលោក បានដឹកដៃភរិយាជាទីស្រឡាញ់ទៅចែកអំណោយជូនដល់សិល្បករសិល្បការិនីចាស់ជរាគ្មានទីពឹងចំនួន៥០នាក់នៅសមាគមសិល្បករខ្មែរ។
ជាមួយគ្នានេះផងដែរសិល្បករសិល្បការិនីជើងចាស់ជាច្រើនរូប គ្រាន់តែឃើញវត្តមានកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងភរិយា ឈានជើងចុះពីលើរថយន្ត Rolls-Royce ភ្លាមបានធ្វើឲ្យពួកគាត់រំជួលចិត្តទប់អារម្មណ៍មិនជាប់ស្រក់ទឹកនេត្រាហូរហាមជោគផែនថ្ពាល់ទាំងគូយំឱបរូបលោកតែម្ដង។
ចំពោះការរំជួលចិត្តស្រក់ទឹកនេត្រា ហូរហាមនេះដែរដោយសារតែសិល្បករសិល្បការិនី ជើងចាស់ជាង៥០នាក់រំភើបពេក ព្រោះមិននឹកស្មានថាកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែនឹករលឹកដល់ពួកគាត់ដែលជាសិល្បករជើងចាស់រកព្រឹកខ្វះល្ងាច ដែលធ្លាប់សម្ដែងជាមួយគ្នាកាលពីប៉ុន្មានឆ្នាំមុន។
ថ្លែងក្នុងពិធីចែកអំណោយនេះដែរលោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា នៅថ្ងៃនេះលោក និងភរិយាបានយកអំណោយជូនដល់សិល្បករសិល្បការិនីជើងចាស់ចំនួន៥០នាក់ ក្នុងនោះមានដូចជាអង្ករត្រីខ មី ទឹកត្រី និងថវិកាទទួលបានក្នុង១នាក់២០ម៉ឺនរៀល សរុបទាំងអស់ ៤០០០ដុល្លារ សម្រាប់អំណោយថ្ងៃនេះ។