នាយឃ្លោក ក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោយជោគជ័យលើមុខជំនួញ

អតីតតារាកំប្លែងនាយឃ្លោក ដែលមានឈ្មោះពិតថា ទុំ សារុត ដែលសម្រាកពីការងារសិល្បៈកំប្លែងរបស់ខ្លួនប្រមាណជា ២០ឆ្នាំហើយនោះ ត្រូវបានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសបញ្ចូលជាសមាជិកថ្មី ខណៈដែលគេមើលឃើញថាអាជីវកម្មនាំចូល និងចែកចាយផលិតផលថែទាំសុខភាពបុរស-ស្ដ្រីរបស់លោកកាន់តែជោគជ័យ។

នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ នេះ បានចេញសេចក្ដីប្រកាសមួយថា សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកថ្មី គឺឧកញ៉ា ទុំ សារុត (នាយ ឃ្លោក) អគ្គនាយកក្រុមហ៊ុន អ៊ីវ៉ូខេម ហ្រ្វីដឹម អ៊ិនធើណេសិនណល (ខេមបូឌា)។ ពាក់ព័ន្ធនិងរឿងនេះ លោក ទុំ សារ៉ុត ដែលត្រូវបានបានព្រះមហាក្សត្រ ប្រទានងារជាឧកញ៉ា ហើយនោះ លោកបានប្រាប់ថា រូបលោកពិតជាមានការសប្បាយចិត្ដ ហើយគិតថានឹងមានឱកាសច្រើនទៀតសម្រាប់ជួបជាមួយអ្នកជំនួញផ្សេងៗដែលមានការគាំពារពីសភាពាណិជ្ជកម្មកម្ពុជា។

ហើយឧកញ៉ាឃ្លោកនៅបានបន្តទៀតថា ”ពេលយើងនៅសិល្បៈ បានចំណូលត្រឹមតែជួយខ្លួនឯង ហើយធ្វើឲ្យសង្គមបានស្គាល់ បានដឹងបានឮ ប៉ុន្ដែអ្វីដែលយើងមកធ្វើពាណិជ្ជកម្មបានជួយដល់ការងារសង្គម ការងារមនុស្សធម៌ និងអ្វីៗសម្រាប់ខ្លួនឯងប្រសើរជាងមុនទៀត”។ ចំពោះពាក្យថាជោគជ័យវិញ លោកបានតបថា  រូបលោកមិនមែនជាបុគ្គលជោគជ័យអ្វីនោះទេ តែបច្ចុប្បន្នលោកមានលទ្ធភាពច្រើនក្នុងការជួយសង្គម និងមានជីវភាពសមរម្យជាងកាលលោកនៅជាអ្នកសិល្បៈ៕

Please enter a valid URL

Relate Post