ជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហើបពីគម្រោងសហប្រតិបត្តិការជាមួយប្រទេសថៃ ក្នុងការលើកម្ពស់វិស័យទេសចរណ៍ប្រទេសទាំងពីរក្រោយពីវិបត្តិកូវីដ ១៩ ។ ក្នុងគម្រោងនោះលោក សុខ សុក្រិត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលកំពុងមានវត្តមានៅប្រទេសថៃនឹងជជែកពិភាក្សាជាមួយភាគីថៃ ក្នុងការរៀបចំផលិតសាច់រឿងកុនភាគ ដែលមានតួសម្តែងភាពយន្ត ទាំងតារាភាពយន្តថៃ និងកម្ពុជាសម្តែងរួមគ្នា ។
លោករំពឹងថា គម្រោងនេះអាចចេញជារូបរាងនៅក្នុងពាក់កណ្តាលឆ្នាំ ២០២២ នេះ ។ គម្រោងនេះត្រូវបានលោក សុខ សុក្រិត្យា ប្រាប់សារព័ត៌មានថៃផងដែរ លោកថា បើក្នុងថ្ងៃខាងមុខខ្សែភាពយន្ត ឬការផលិតឃ្លីបសាច់រឿងខ្លីៗចេញជារូបរាងលោក នឹងរៀបចំបង្កើតចំណូលដល់ពលរដ្ឋកម្ពុជាតាមរយៈការលក់កញ្ចប់ទេសចរណ៍ ដោយថតជាខ្សែភាពយន្ត ឬការរៀបចំដំណើរកម្សាន្តជាមួយតារាភាពយន្តតាមសាច់រឿងទាំងនោះតែម្តង ។
«ចំណុចទាំងអស់នេះ គឺសុទ្ធសឹងជាផ្នែកមួយជួយដល់ពលរដ្ឋតាមសហគមន៍ទទួលបានចំណូលលើវិស័យទេសចរណ៍កាន់តែច្រើនឡើងថែមទៀត» នេះបើតាមការបញ្ជាក់របស់លោក សុខ សុក្រឹត្យា ។ មន្ត្រីបានបញ្ជាក់ថា ការរៀបចំយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍តាមតំបន់ទេសទេសចរណ៍ដូចជា ក្រុងសៀមរាប ក្រុងព្រះសីហនុ និងទីក្រុងកែប ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្តិភាពសម្រាប់ត្រៀមទទួលភ្ញៀវទេសចរ ហើយនៅថ្ងៃខាងមុខកម្ពុជាគ្រោងនឹងអភិវឌ្ឍន៍ទីក្រុងមួយចំនួនឱ្យក្លាយទៅជាទីកន្លែងគួរជាទីតាំងថតខ្សែភាពយន្ត និងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃផងដែរ ៕