ខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ” ឡើងដល់ ៥២ភាគ និងបន្ថែមតួអង្គប្រវត្តិសាស្ត្រមួយចំនួន 

ក្ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចដំឡើងចំនូនភាគដល់ទៅ៥២ភាគ ដែលកាលពីមុនមានត្រឹមតែ៤៤ភាគតែប៉ុណ្ណោះ ។

មិនត្រឹមតែប៉ុណ្ណោះក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូល នូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុតពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអនុញ្ញាតឲ្យគណៈកម្មការ បានសាងសង់ទីតាំងសំខាន់ៗសម្រាប់ថត មួយចំនួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៃបញ្ជាការដ្ឋានអង្គរក្ស ។

សម្តេចតេជោបានបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទូឌីយោ ហើយតួសម្ដែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យបានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តពិតដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល ។

ចំណែកឯលោក ហ៊ុយ វាសនា ក៏បានអោយដឹងដែរថា មូលហេតុដែលផ្អាកការថតកន្លងមកគឺយោងតាមហេតុផលមួយចំនួន ដែលមានដូចជា ទី១ បញ្ហា COVI-19 ។ ទី២ ពាក់ព័ន្ធទៅនិងតួអង្គប្រវត្តិសាស្ត្រមួយចំនួនដែលត្រូវបន្ថែម ។ ទី៣ សម្ភារៈមួយចំនួនត្រូវស្វែងរក ។ ហើយសម្រាប់ពេលវេលាក្នុងការចេញថតនិងផលិតភាពយន្តភាគបែបប្រវត្តិសាស្ត្រនេះជាថ្មី បានកំណត់រួចហើយ គឺនិងចាប់ផ្ដើមថតជាថ្មី នៅថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២២នេះហើយ ក្រោមការរួមមតិគ្នាជាធ្លុង១ រវាងក្រុមការងារ និងសិល្បករ សិល្បការនី ។

គួររំលឹកផងដែរថា ភាពយន្តភាគបែបប្រវត្តិសាស្ត្ររឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ” គឺជាខ្សែភាពយន្តភាគដែលស្រង់ចេញពីជីវិតពិតនៃការតស៊ូរំដោះប្រទេសជាតិ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ដោយក្នុងសាច់រឿងនោះ មានលោក ប៉ាន់ ខែមម៉ានូ តារាចម្រៀង​ប្រពៃណីបុរាណ (សម្ដែងជាតួ សម្ដេចតេជោ ហ៊ុនសែន) និងកញ្ញា ហ៊ិន ចាន់នីរត្នន៍ ពិធីការិនីដ៏ល្បី (សម្ដែងជាតួសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ) ។

Please enter a valid URL

Relate Post