នៅក្នុងបណ្ដាញសង្គមកាលពីថ្ងៃទី24 ខែកុម្ភៈ ម្សិលមិញនេះ ត្រូវបានកក្រើកជាមួយនិងពត៍មានដែលសមត្ថកិច្ចបានចាប់បានជនឆបោកតាមទូរស័ព្ទ ដែលជននោះតែងតែប្រើវិធីក្នុងការឆបោក ដោយប្រាប់ទៅជនរងគ្រោះថា ជនរងគ្រោះត្រូវរង្វាន់នេះ រង្វាន់នោះ តែត្រូវប្ដូជាមួយការបង់លុយជាមុនខ្លះ ក្នុងចំនួនដែលជនឆបោកបានប្រាប់ទៅជនរងគ្រោះ ។
តែក្នុងពេលនេះ មានការភ្ញាក់ផ្អើលបន្តទៀតហើយ ក្រោយពីពិធីការនីដ៏ល្បី សាច់សខ្វី សំដីពិរោះ និងកំពុងតែទទួលបានមហាកិត្តិយសពីសម្ដេចតេជោ ហ៊ុន សែន បានសំដែងជាតួឯក ក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី ផងនោះ កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន បានបង្ហោះសារទាំងកណ្ដាលរាត្រី នៃថ្ងៃទី24 ឈានចូលថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022 នេះថា មានជនខិលខូចបានក្លែងឈ្មោះរបស់នាង ទៅប្រើប្រាស់លើប្រព័ន្ធ Telegram ក្នុងន័យឆបោក ដែលនាងសូមបដិសេធ និង បញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធ Telegram នោះមិនមែនជារបស់នាងទេ។
ដោយនាងបានបង្ហោះនូវរូបភាព១ចំនួនដែលពាក់ព័ន្ធ និងបានបន្ថែមសារថា សួស្តីបងប្អូនទាំងអស់គ្នា មានជនខិលខូចបានក្លែងបន្លំឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ក្នុងន័យឆបោកតាមប្រព័ន្ធតេលេក្រាមនាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន សូមបដិសេធថានេះមិនមែនជាតេលេក្រាមពិតរបស់នាងខ្ញុំទេ ដូចច្នេះសូមបងប្អូនកុំយល់ច្រលំថានាងខ្ញុំឲ្យសោះ បើមានបញ្ហាណាមួយកើតឡើងនាងខ្ញុំសូមមិនទទួលខុសត្រូវឡើយអរគុណបងប្អូនដែលបានផ្ញើរឲ្យនាងខ្ញុំបានដឹង ។
ហើយនៅខាងក្រោមនៃសារ ដែលកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន បានបង្ហោះនោះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលទៅ Comment ថាខ្លួនក៏ធ្លាប់លង់ខ្លួនចាញ់បោកជនខិលខូចទាំងនោះដែរ ហើយអ្នកខ្លះទៀត ក៏បានប្រាប់ថានេះជាវិធីក្នុងការបោកថ្មី ដោយពួកគេព្យាយាមល្បួងលួងលោមអោយជនរងគ្រោះ ដាក់លុយវិនិយោគជាមួយក្រុមហ៊ុនរបស់ពួកគេ ហើយនៅពេលដែលពួកគេទទួលបានលុយទាំងនោះហើយ គឺគេ Block Acount របស់ជនរងគ្រោះចោលតែម្ដង ។ ដូចនេះ នេះជាសារ១ដ៏សំខាន់ដែលលោកអ្នកគួរតែដឹងនិងការពារទុកជាមុន ដើម្បីទប់ទល់និងជនខិលខូចទាំងនោះ ។