លោកអ្នកបានជ្រាបហើយថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា បានប្រកាសលាភាពនៅលីវ ដោយដឹកដៃលោក អ៊ឹង សុខលី ចូលរោងការតាមប្រពៃណីយ៉ាងអធឹកអធមកាលពីខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ ហើយបើគិតមកដល់ឆ្នាំ ២០២២ នេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានរយៈពេលប្រមាណជា ៣ ឆ្នាំហើយ។
ហើយចាប់តាំងពីរៀបការមក ឱក សុគន្ធកញ្ញា កម្ររំឭកពីប្រវត្តិស្នេហារបស់ខ្លួនរហូតចាប់ដៃស្វាមីសាងអនាគតរួមគ្នាប្រាប់មហាជនអ្នកគាំទ្រណាស់។ ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកម៉ាក់ដ៏ស៊ីវិល័យខាងលើ បានទម្លាយតាមរយៈកម្មវិធីជជែកកម្សាន្តមួយ រៀបរាប់ពីប្រវត្តិស្នេហ៍ ខណៈបានជួបស្វាមីបណ្ដូលចិត្តជាលើកដំបូង ប្រៀបដូចជារឿងចៃដន្យអ៊ីចឹង។
ឱក សុគន្ធកញ្ញា លើកឡើងថា អ្នកនាងស្គាល់ស្វាមីដំបូងប្រៀបដូចជារឿងចៃដន្យ គឺពួកគេបានរួមការងារជាមួយគ្នានៅឯប្រទេសម៉ាឡេស៊ី ដែលកាលនោះនាងទើបតែចូលផលិតកម្មរស្មីហង្សមាសដំបូង ហើយក្នុងនាមជាក្រុមការងារក៏មានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តរួមការងារ ហើយគ្រានោះអ្នកនាងក៏មានអារម្មណ៍ថាលោក អ៊ឹង សុខលី គឺជាមនុស្សល្អ។
តែរឿងដែលមហាជនប្លែកចិត្តបំផុតនោះគឺកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ឆ្លៀតបន្តទម្លាយថា ស្វាមីអ្នកនាងមិនចូលចិត្តស្ដាប់បទចម្រៀងរបស់នាងឡើយ។
គួររំលឹកផងដែរថា មហាជនភាគច្រើនណាស់ដែលបានស្គាល់ពីភាពល្បីល្បាញរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បើទោះជាពេលនេះ អ្នកនាងបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយស្វាមី ហើយថែមទាំងទទួលបានតំណក់ឈាមកូនប្រុសឆ្លាត និង គួរឱ្យស្រឡាញ់ឈ្មោះ ឆលី ម្នាក់រួចហើយក៏ដោយ ក៏កំពូលតារាស្រីរូបនេះ បន្តឈរយ៉ាងរឹងមាំនៅក្នុងអាជីពសិល្បៈដោយមានទស្សនិកជនគាំទ្រទាំងចាស់ក្មេង។